ជាធម្មតាឪពុកម្តាយតែងតែចែកទ្រព្យឱ្យកូន រួមមានលុយកាក់, ផ្ទះ, ក្រុមហ៊ុន និងវត្ថុមានតម្លៃជាច្រើន នៅពេលកូនៗរបស់ពួកធំឡើង ឬមានគ្រួសារ (រៀបការ)។ តែផ្ទុយខុសស្រឡះពីមហាជនគិត មហាសេដ្ឋីទាំង១១រូបនេះ មិនព្រមចែកទ្រព្យឱ្យកូនសោះឡើយ ក្រោមហេតុផលមួយចំនួនរបស់ពួកគេ។ ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នានូវកំពូលមហាសេដ្ឋីលំដាប់ពិភពលោកចំនួន ១១រូប ដែលមិនព្រមចែកទ្រព្យឱ្យកូនសោះដូចខាងក្រោមនេះ៖
១) ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg

នៅពេលលោក Mark Zuckerberg បង្កើតបានកូនស្រីម្នាក់ឈ្មោះ Max កាលពីឆ្នាំ២០១៥ លោក និងប្រពន្ធរបស់លោកឈ្មោះ Priscilla Chan បានប្រកាសថា ពួកគេនឹងឱ្យលុយនៃភាគហ៊ុន៩៩%នៅក្នុងហ្វេសប៊ុកទៅអង្គការមនុស្សធម៌ ហើយពួកគេបានបញ្ជាក់បន្ថែមទៀតថា “ទឹកប្រាក់នេះមានចំនួនតិចណាស់ បើប្រៀបធៀបទៅនឹងទឹកប្រាក់ដែលបុគ្គលជាច្រើនជួយក្នុងន័យមនុស្សធម៌ ហើយពួកយើងចង់ជួយ និងកំពុងធ្វើការទៅលើរឿងនេះ”។ សូមបញ្ជាក់ថា ភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុនមានចំនួនរហូតដល់ ៤៥ពាន់លានដុល្លារឯណោះ ហើយសព្វថ្ងៃនេះ លោក Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ៥៧.១ពាន់លានដុល្លារអាមេរិក។
២) ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates

កំពូលមហាសេដ្ឋីលេខ២លើលោកនេះ បានចែកឱ្យកូនចំនួន ១០លានដុល្លារក្នុងម្នាក់ (កូន០៣នាក់) បើគិតទៅច្រើនខ្លាំងណាស់ តែបើប្រៀបធៀនទៅលើទ្រព្យសម្បត្តិទាំងអស់របស់លោក គឺតិចខ្លាំងណាស់។ លោក បានមានប្រសាសន៍កាលពីឆ្នាំ២០១៣ថា “ពួកគេអាចរកវិធីក្នុងការរកលុយដោយខ្លួនឯង ដោយពុំចាំបាច់ពឹងលុយរបស់ខ្ញុំ”។ សូមបញ្ជាក់ផងដែរថា លោក Bill Gates និងភរិយារបស់លោក បានបង្កើតអង្គការមនុស្សធម៌ឈ្មោះថា Bill & Melinda Gates ដើម្បីជួយសុខមាលភាព និងកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក ហើយសូមបញ្ជាក់ថា លោកបានបង្កើតអង្គការនេះឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយគិតត្រឹមឆ្នាំ២០១៧ មានទឹកប្រាក់សរុប ៥០.៧ពាន់លានដុល្លារឯណោះ។ ក្រៅពីបរិច្ចាកទឹកប្រាក់ផ្ទាល់ខ្លួន លោក Bill Gates ក៏ជាអ្នកប្រមូលសេដី្ឋជាច្រើនឱ្យជួយផ្នែកមនុស្សធម៌ផងដែរ ដូចជា សេដ្ឋីចិត្តធម៌ Warren Buffett។ គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ លោក Bill Gates មានទ្រព្យសម្បត្តិសរុប ៩៦.៨ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់លេខ២លើលោក ដែលជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត។
៣) ស្ថាបនិកក្រុមហ៊ុន Duty Free Shoppers Group លោក Chuck Feeney

លោក Chuck Feeney បានបង្កើតអង្គការមនុស្សធម៌ Atlantic Philanthropies ដោយផ្តោតលើសុខភាព, សង្គម និងនយោបាយនៅប្រទេសចំនួន ៦នៅលើពិភពលោក រួមទាំងប្រទេសវៀតណាមផងដែរ។ សូមបញ្ជាក់ថា លោកបានបរិច្ចាគទ្រព្យចំនួន ៨ពាន់លានដុល្លារទៅអង្គការមនុស្សធម៌របស់ខ្លួន ដោយបន្សល់ទុកត្រឹមតែ ២លានដុល្លារប៉ុណ្ណោះ ដោយមិនទុកឱ្យកូនៗរបស់គាត់ឡើយ ហើយកូនៗរបស់លោកយល់ពីបំណងដ៏ល្អរបស់គាត់ផងដែរ។
៤) នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោក Warren Buffett

លោក Warren Buffett បានចែកទ្រព្យឱ្យកូនៗរបស់លោក៣នាក់នូវទឹកប្រាក់ ២ពាន់លានដុល្លារក្នុងម្នាក់ បើគិតទៅវាតិចខ្លាំងណាស់បើប្រៀបធៀបពីទឹកប្រាក់របស់លោក។ លោកប្រាប់អ្នកកាសែតថា ពួកគេសមនឹងទទួលបានប្រាក់ប៉ុណ្ណឹង ព្រោះពួកគេមិនបានធ្វើអ្វីដើម្បីរកប្រាក់ចំណូលទាំងនេះបន្តិចសោះឡើយ។ គួរបញ្ជាក់ផងដែរថា លោក Bill Gates និងលោក Warren Buffett នឹងបរិច្ចាកទ្រព្យរបស់ខ្លួន ៩៩%ទៅអង្គការមនុស្សធម៌នៅពេលដែលពួកគេស្លាប់ទៅ។ សូមបញ្ជាក់ថា សព្វថ្ងៃនេះ លោក Warren Buffett ជាមហាសេដ្ឋីលេខ៣លើលោក ដែលមានទ្រព្យសរុបរហូតដល់ ៨៥.៥ពាន់លានដុល្លារអាមេរិក។
៥) ស្ថាបនិកក្រុមហ៊ុន Bloomberg L.P. លោក Michael Bloomberg

លោក Michael Bloomberg ជាអតីតចៅហ្វាយក្រុង New York ក្នុងឆ្នាំ២០០២-២០១៣ ហើយលោកបានប្រកាសថា លោកនឹងចែកទ្រព្យរបស់លោកចំនួន ៥០ពាន់លានដុល្លារ ទៅអង្គការមនុស្សធម៌ ហើយក៏បានសរសេរទៀតថា “ប្រសិនបើអ្នកចង់ធ្វើអ្វីៗឱ្យល្អសម្រាប់កូនរបស់អ្នក ហើយចង់បង្ហាញពីក្តីស្រឡាញ់ទៅពួកគេ ចូរអ្នកចែកទ្រព្យរបស់អ្នកទៅឱ្យអង្គការមនុស្សធម៌ ដើម្បីជួយពិភពលោកទៅ”។ សូមបញ្ជាក់ថា សព្វថ្ងៃនេះ លោក Michael Bloomberg មានទ្រព្យសម្បត្តិសរុប ៤៨.៧ពាន់លានដុល្លារអាមេរិក។
៦) អ្នកនិពន្ធបទចម្រៀង និងអ្នកជំនួញ លោក Andrew Lloyd Webber

លោកបានប្រកាសកាលពីឆ្នាំ២០០៨ថា លោកមិនចែកទ្រព្យឱ្យកូនៗរបស់លោកឡើយ ពីព្រោះពួកគេអាចរកលុយបានដោយខ្លួនឯងបានហើយ ហើយលោកចង់ឱ្យពួកគេចាប់ផ្តើមការងារដោយខ្លួនពួកគេផ្ទាល់។ សូមបញ្ជាក់ផងដែរថា លោកនឹងបរិច្ចាគទ្រព្យរបស់លោក ដើម្បីទៅជួយរោងភាពយន្ត និងជួយតន្រ្តីករឱ្យកាន់តែប្រសើរឡើង ហើយសព្វថ្ងៃនេះ​លោកមានទ្រព្យសម្បត្តិសរុបជាង ១ពាន់លានដុល្លារអាមេរិក។
៧)​ ស្ថាបនិកក្រុមហ៊ុន eBay លោក Pierre Omidyar

លោក Pierre Omidyar បានក្លាយជាសេដ្ឋីពាន់លានដុល្លារ តាំងពីឆ្នាំ១៩៩៨មកម៉្លេះ ហើយលោកក៏ជាសមាជិកនៃសេដ្ឋីចិត្តធម៌ផងដែរ ដោយលោកនឹងបរិច្ចាគប្រាក់របស់លោកទៅអង្គការមនុស្សធម៌នៅពេលលោកស្លាប់ទៅ។ លោកបានប្រកាសថា យើងមានលុយគ្រប់គ្រាន់ ហើយយើងមិនត្រូវការប្រាក់ទៀតទេ ដូចនេះ​ យើងនឹងយកប្រាក់របស់យើងទៅជួយអង្គការមនុស្ស ដើម្បីដោះស្រាយបញ្ហាពិភពលោកទាំងមូល។
៨)​ អ្នកផលិតភាពយន្ត និងអ្នកជំនួញ លោក George Lucas

លោកបានសន្យាថា លោកនឹងបរិច្ចាគពាក់កណ្តាលរបស់លោក ទៅជួយទៅលើវិស័យអប់រំ នៅពេលលោកស្លាប់ទៅ ហើយសូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ​ លោកមានទ្រព្យសម្បត្តិសរុប ៥.៦ពាន់លានដុល្លារអាមេរិក។
៩) តន្រ្តីកដ៏ល្បីល្បាញលោក Sting

សព្វថ្ងៃនេះ លោក Sting មានទ្រព្យសម្បត្តិសរុប ៣០០លានដុល្លារអាមេរិក ហើយលោកមិនចែកទ្រព្យទាំងនោះទៅឱ្យកូនៗរបស់លោកឡើយ។ លោកបានប្រកាសថា “ខ្ញុំបានប្រាប់ពួកគេហើយថាខ្ញុំមិនចែកលុយឱ្យពួកគេទេ ពីព្រោះខ្ញុំមានបំណងច្រើនទៅលើលុយនោះ ហើយខ្ញុំឱ្យពួកគេរកលុយដោយខ្លួនឯង តែបើពួកគេមានបញ្ហា ខ្ញុំនឹងជួយពួកគេវិញ បើចាំបាច់”។
១០) តារាសម្តែង ឈិនឡុង

លោក ឈិនឡុង បានប្រកាសថា លោកមិនចែកទ្រព្យឱ្យកូនរបស់លោកដែលមានឈ្មោះ​ Jaycee ទាំងអស់នោះឡើយ មានន័យថា លោកចង់ឱ្យកូនរបស់លោកចេះរកលុយដោយខ្លួនឯងជាជាងយកលុយលោកចាយខ្ជះខ្ជាយឥតប្រយោជន៍។ សូមបញ្ជាក់ផងដែរថា សព្វថ្ងៃនេះលោកមានទ្រព្យសម្បត្តិសរុប ៣៩៥លានដុល្លារអាមេរិក​ ហើយលោកនឹងចែកទ្រព្យពាក់កណ្តាលទៅអង្គការមនុស្សធម៌។
១១)​ អ្នកបង្កើតកម្មវិធីលំដាប់ពិភពលោក Simon Cowell

លោក Simon Cowell ជាអ្នកបង្កើតកម្មវិធីដ៏ល្បីល្បាញ​ American Idol, America’s Got Talent ហើយសព្វថ្ងៃនេះមានទ្រព្យសម្បត្តិសរុប ៥៧០លានដុល្លារអាមេរិក ហើយលោកនឹងទ្រព្យរបស់លោកទៅអង្គការមនុស្សធម៌​ដើម្បីជួយពិភពលោក ដោយមិនចែកឱ្យកូនរបស់លោកឡើយ៕
ប្រភព៖ everplans, cnbc